ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរំលឹកទៅដល់មន្ត្រីពន្ធនាគារទាំងអស់ មិនត្រូវប្រព្រឹត្តិសកម្មភាពអ្វីមួយ ដែលមានស្ថានភាពជាការរំលោភបំពានសិទ្ធិ របស់អ្នកជាប់ពន្ធនាគារនោះទេ ។

ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ។

លោកបានបន្តថា ការចុះសួរសុខទុក្ខនេះ មានគោលបំណងសំខាន់មួយទៀត ដើម្បីនាំយកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្ដង ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនទុកនណារម្នាក់ចោលឡើយ ពោលទាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នា ក្នុងការទទួលបានសេវាសង្គមផ្សេងៗ ។

 ជាមួយនេះ លោក កែវ រ៉េមី ក៏បានរំលឹកដល់មន្ត្រីនៅពន្ធនាគារ និងមណ្ឌលកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ នៅក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវជៀសវាងដាច់ខាត នូវការប្រព្រឹត្តិ ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឲ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អ ដែលជាផ្នែកមួយនៃការកសាង និងអភិវឌ្ឍជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ