ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល អញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹង វិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់ អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំ ប្រមាណជាង ២០០នាក់ ក្រោមអធិបតីភាព លោក គួច ចំរើន និងលោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងប្រតិភូអមដំណើរ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលផងដែរ។។

លោក អភិបាលខេត្ត មានប្រសាសន៍ថា «ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ពីព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន ជៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត»។

លោក អភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួន ឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួលឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

នេះឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវខិតខំចុះស្រង់ស្ថិតិចំនួនម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំពោះម្ចាស់អាជីវកម្មណាដែលគ្មានច្បាប់ត្រូវណែនាំឲ្យមកធ្វើច្បាប់ ករណីនៅតែមិនព្រមមកធ្វើច្បាប់ ទៀត ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ រឺបិទ អាជីវកម្មតែម្ដង ការធ្វើបែបនេះគឺដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នកដែលចូលរួមអនុវត្តច្បាប់ នេះគឺជាការរួមគ្នាបញ្ឈប់មិនឲ្យម្ចាស់ជីវកម្មណាមួយដែលគ្មានច្បាប់អនុញ្ញាត អាចប្រកបអាជីវកម្មរបស់ខ្លួនដោយសុខស្រួល នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានតទៅទៀតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ