មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យស្រាវជ្រាវស្វែងរកមុខសញ្ញាជនបរទេស លួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា
ភ្នំពេញ ៖ លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បន្តខិតខំចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា។
ការលើកឡើងរបស់ លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក រដ្ឋលេខាធិការ បានប្រសាសន៍ជំរុញឲ្យអគ្គនាយករដ្ឋានអន្តោប្រវេសន៍ បន្តត្រួតពិនិត្យឲ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស, ត្រូវបង្កើនការគ្រប់គ្រងនៃការស្នាក់នៅរបស់ជនបរទេស រួមទាំងចុះត្រួតពិនិត្យឲ្យបានគ្រប់រោងចក្រសហគ្រាស់ដែលមាន ជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
លោក រដ្ឋលេខាធិការ បានលើកឡើងថា ចាប់ពីពេលនេះទៅត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការទប់ស្កាត់មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
លោក រដ្ឋលេខាធិការ គូសបញ្ជាក់ថា «ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កត ស្វែងរកមុខសញ្ញាជនបរទេសដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ ដើម្បីបម្រើដល់គោលនយោបាយទេសចរណ៍ និងទាក់ទាញវិនិយោគិនបរទេសចូលមកក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត»៕