ភ្នំពេញ ៖ ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ២០២៤ ដោយមានសហគ្រិនចំនួន ៧៥រូបមកពីប្រទេសចំនួន១៩ ត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជូនពានរង្វាន់ដ៏អស្ចារ្យមួយនេះ ។

នៅក្នុងឱកាសនៃពិធីប្រគល់ពានរង្វាន់នេះដែរ លោក ហ៊ាង វុទ្ធា ប្រធានក្លិប Global Entrepreneur 1% Club បានមានប្រសាសន៍ឱ្យដឹងថា ពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ច ដែលបានជួយកិច្ចការសង្គមប្រចាំឆ្នាំ ២០២៤នេះ បានឆ្លុះបញ្ចាំយ៉ាងជ្រាលជ្រៅជាមួយនឹងទំនួលខុសត្រូវសង្គមរួមរបស់យើង ចំពោះកិច្ចការសង្គម ។ ម្យ៉ាងវិញទៀត វាមិនត្រឹមតែលើកកម្ពស់ដំណើរការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជុំវិញយើផងដែរ ។ ការជួបជុំ នៅក្នុងថ្ងៃនេះ ក៏ឆ្លុះបញ្ចាំពីជំហានសំខាន់ៗដែល យើងធ្វើ ក្នុងនាមយើងជាផ្នែកមួយក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវិត និងរួមចំណែកដល់សុខុមាលភាពនៃសង្គមតំបន់អាស៊ានទាំងមូល ។

លោក បន្តថា កម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងអស់រយៈពេល ៨០ថ្ងៃ ដែលមានអ្នកចូលរួមដាក់ពាក្យចំនួន ៣.៧៦០នាក់ មកពីបណ្ដាប្រទេសចំនួន៣៩ប្រទេស ។ ក្នុងនោះគណៈកម្មាធិការបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤៨០នាក់ ហើយឈានទៅដល់ការវាយតម្លៃជាផ្លូវការចំនួន ២៨០នាក់ មកពី៣០ប្រទេស ។ ជាចុងក្រោយ គណៈកម្មាធិការ បានសម្រេចជ្រើសរើស យកម្ចាស់ជ័យលាភីសរុបចំនួន ៧៥រូប មកពីប្រទេសចំនួន១៩ ដើម្បីផ្ដល់ជូនពានរង្វាន់នៅក្នុងថ្ងៃនេះ ។

លោកបណ្ឌិត គង់ វិចិត្រា ស្ថាបនិកអង្គការ KPF និងជាអនុប្រធានក្លិប Global Entrepreneur 1% Club (កិច្ចការសង្គម ) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងចក្ខុវិស័យរបស់សមាគម ដែលមិនគិតត្រឹមតែរកប្រាក់ចំណេញប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ត្រលប់មកវិញដល់សង្គមផងដែរ ។
លោក បន្តថា ការទទួលខុសត្រូវសង្គម មិនគ្រាន់តែជាការផ្ដល់ត្រលប់មកវិញទេ វាគឺជាការកសាងអនាគតប្រកបដយចីរភាពសម្រាប់មនុស្សគ្រប់រូប  ។ ក្នុងនាមជាអ្នកទទួលខុសត្រូវសង្គមមួយរូបរបស់សមាគមក្លិប លោក ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្ម និងសហគ្រិនជាច្រើនផ្សេងទៀត បន្តគាំទ្រសង្គមរបស់យើង ដោយសារវាមានសារសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសយើង ។

តាមរយៈពេលពានរង្វាន់មួយនេះដែរ ក្លិបអ្នកវិនិយោគរំពឹងថា នឹងមានសហគ្រិនជាច្រើនទៀត ចូលរួមក្នុងកិច្ចការសង្គមបានកាន់តែច្រើន ហើយក៏រំពឹងថានឹងមានការរៀបចំពានរង្វាន់ដ៏អស្ចារ្យមួយនេះ ដោយមានការគាំទ្រពីសំណាក់បណ្ដាក្រុមហ៊ុន និងម្ចាស់អាជីវកម្មទៅលើការរៀបចំកម្មវិធីពានរង្វាន់ កាន់តែធំនិងអស្ចារ្យជាងពេលនេះ ។

នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ នៅថ្ងៃទី១១ វិច្ឆិកា ២០២៤ ក៏មានការចូលរួមពីតំណាងក្រសួង ស្ថាប័នសំខាន់ៗមួយចំនួនរួមមាន តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ តំណាងមកពីក្រសួងពាណិជ្ជកម្ម ប្រធានសភាពាណិជ្ជកម្មសិង្ហបុរីប្រចាំប្រទេសកម្ពុជា និងប្រធានសមាគមវិនិយោគកម្ពុជាសិង្ហបុរីជាដើម ។

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់អាស៊ាន សម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គម ត្រូវបានបែងចែកទៅជាពានរង្វាន់មាន៥ប្រភេទ ដែលក្នុងនោះ ពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសហគមន៍ និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១០រូប ពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ពានសិល្បករ/សិល្បការិនីនិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣រូប ពានរង្វាន់អាស៊ានសម្រាប់អាជីវកម្ម និងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន១២រូប ពានរង្វាន់អាស៊ានសម្រាប់ពានសហគ្រិននិងធុរកិច្ចដែលជួយកិច្ចការសង្គមចំនួន៣៤រូប និងពានរង្វាន់អាស៊ានសម្រាប់ថ្នាក់ដឹកនាំនិងធុរកិច្ចដែលជួយការសង្គមមានចំនួន១៣រូប៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ