ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញនូវការយល់ឃើញ និងចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបានឡើយ ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ និងស្នាដៃដែលអង្គភាពអាវុធហត្ថសម្រេចបាននាពេលកន្លងមក។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបន្ដទៀតថា កន្លងទៅកងរាជអាវុធហត្ថបានចូលរួមយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី រក្សាសន្ដិភាព ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ឥស្សរជនកំពូល ការពារព្រឹត្តិការណ៍ជាតិ អន្ដរជាតិ និងសហការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសធនធានធម្មជាតិ។

បើតាមការលើកឡើងរបស់លោកសន្ដិបណ្ឌិត នេត សាវឿន, ក្រៅពីការងារទាំងអស់នេះ អង្គភាពកងរាជអាវុធហត្ថ ក៏បានចូលរួមចំណែកក្នុងការងារមនុស្សធម៌ សាងសង់មន្ទីរពេទ្យ សាលារៀន វត្តអារាម និងសមិទ្ធផលនៅតំបន់ប្រវត្តិសាស្ដ្រកោះថ្មជាដើម។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានគាំទ្រដល់ទិសដៅដែលបានកំណត់ដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ