ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »។

បើតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅលើពិភពលោក វីរុសណូរ៉ូ «Norovirus » ជាមូលហេតុចម្បងនៃការក្អួត និងរាក និងជំងឺដែលបណ្តាលមកពីអាហារ ដែលបង្កឱ្យមានជំងឺរលាកក្រពះស្រួចស្រាវរលាកក្រពះពោះវៀន។

អង្គការសុខភាពពិភពលោកបានរកឃើញថា ជារៀងរាល់ឆ្នាំនៅលើសកលលោក មាន៦៨៥លានករណី បង្កដោយវីរុសណូរ៉ូ ស្លាប់ប្រមាណ ២០០,០០០នាក់ ក្នុងនោះដែរ ២០០លានករណី កើតលើកុមារអាយុក្រោម៥ឆ្នាំ និងមានកុមារចំនួន ៥០,០០០នាក់បានស្លាប់។ ការផ្ទុះរាតត្បាតនៃជំងឺបង្កដោយវីរុសណូរ៉ូភាគច្រើនកើតមាននៅប្រទេសមានរដូវត្រជាក់ កន្លែងមានការប្រមូលផ្ដុំ អាកាសធាតុត្រជាក់មេរោគរស់យូរ រដូវត្រជាក់ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ។

បុគ្គលគ្រប់វ័យអាចឆ្លង និងឈឺដោយវីរុសណូរ៉ូ រោគសញ្ញជាទូទៅ កើតមានចន្លោះពី ១២ ទៅ ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ឬប្រឈមនឹងវីរុសណូរ៉ូ ។ រោគសញ្ញាភាគច្រើនមាន រាក ក្អួត ចង្អោរ ចុកពោះ និងអាចមាន ក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន។ ភាគច្រើនជាសះស្បើយឡើងវិញ ក្នុងរយៈពេល ១ទៅ ៣ថ្ងៃ ប៉ុន្តែអាចចម្លងមេរោគទៅអ្នកដទៃបានក្នុងអំឡុង២សប្តាហ៍ឬលើសបន្ទាប់ពីជាសះស្បើយ។

អ្នកអាចកើតជំងឺបង្កដោយវីរុសណូរ៉ូ ច្រើនដងក្នុងជីវិតរបស់អ្នក ពីព្រោះ វីរុសណូរ៉ូ មានច្រើនប្រភេទ។ ការឆ្លងវីរុសណូរ៉ូ មួយប្រភេទ មិនអាចការពារអ្នកពីប្រភេទផ្សេងទៀតឡើយ។ អាហារសមុទ្រ ជាពិសេសអយស្ទ័រឆៅ អាចមានផ្ទុកវីរុស។ កុមារអាយុក្រោម ៥ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ទំនងជាងាយរងគ្រោះធ្ងន់ធ្ងរពេលឆ្លងវីរុស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ