សៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញអារម្មណ៍សេចក្តីសប្បាយរីករាយ ដែលបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី ២៩ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។

តាមរយៈបណ្ដាញសង្គម នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស»។

សម្ដេចធិបតី បន្ដថា កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី ២៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។

សម្ដេចធិបតី គូសបញ្ជាក់ទៀតថា «ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ ខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ (The Foundation For The Support Of The United Nations) ដោយលោក Yasushi Akashi អគ្គលេខាធិការនៃអ៊ុនតាក់ នៅកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល។ គំនិតផ្តួចផ្តើមដំបូងនៃព្រឹត្តិការណ៍រត់អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សប្បុរសធម៌សុទ្ធសាធ ដែលទទួលបានអនុញ្ញាតជាគោលការណ៍គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំទ្របច្ចេកទេសកម្រិតស្តង់ដារត់ប្រណាំងអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក (IAAF & AIMS)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ