ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ជំរុញឲ្យបន្តការលើកកម្ពស់ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្ដល់អាទិភាពខ្ពស់បន្ថែមទៀត លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយនិងវិធានការម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា ខណៈបញ្ហាគ្រឿងញៀននេះនៅតែជាកង្វល់ របស់សង្គមជាតិនោះ។
ឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ខណៈកិច្ចប្រជុំនេះមានការចូលរួមពី ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងជួររាជរដ្ឋាភិបាល។
លោក ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា វិធានការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម ពោលត្រូវធ្វើតាមរបៀបទំនើប ដើម្បីជំរុញឲ្យមានការទាក់ទាញពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចង់ស្ដាប់ ចង់ទស្សនា សំដៅបញ្ជ្រាបការយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនទៅកាន់មូលដ្ឋានគ្រួសារនីមួយៗ។
បន្ថែមពីនេះ លោក ក៏បានណែនាំឲ្យពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដោយក្នុងនោះមានទាំងផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ដោយឡែក ការស្ដារនីតិសម្បទា ត្រូវរៀបចំស្ដង់ដារ SOP ដើម្បីគ្រប់គ្រងដំណើរការមណ្ឌលបន្សាប់ ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀនជាដើម។
ចំពោះការងារសហប្រតិបត្តិការអន្ដរជាតិវិញ ត្រូវបន្ដសហការជាមួយបណ្ដាប្រទេសជិតខាង អង្គការអន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បណ្ដាស្ថានទូត ដើម្បីធ្វើយ៉ាងណាឲ្យបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ យល់ច្បាស់អំពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ថែមពីនេះ ក៏អាចចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមកជាមួយប្រទេសជាដៃគូផងដែរ៕