កន្លែងស្នាក់នៅ និងកន្លែងលក់ម្ហូបអាហារ ក្នុងខេត្តកំពត មានការតម្លើងថ្លៃ សូមថតទីតាំង និងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្ត
កំពត ៖ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានការតម្លើងថ្លៃ សូមថតឈ្មោះទីតាំង និងតម្លៃនោះ ចូលមកផេករដ្ឋបាលខេត្ត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។
យោងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្តដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។
រដ្ឋបាលខេត្ត គូសបញ្ជាក់ថា «សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរណ៍ដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពតមានការតម្លើងថ្លៃ ដែលបងប្អូនយល់ថាមិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្ត និងធ្វើការត្រួតពិនិត្យជូនភ្លាមៗ»។
រដ្ឋបាលខេត្ត បន្ដថា ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើម ឱ្យបានគ្រប់ៗគ្នា៕