អង្ករកម្ពុជា បានទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើនមកពីជុំវិញពិភពលោក ពិសេសអតិថិជននៅទ្វីបអឺរ៉ុប
ភ្នំពេញ ៖ បន្ទាប់ពីចូលរួម ក្នុងកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នៅបារាំង, អង្ករកម្ពុជា បានទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើនមកពីជុំវិញពិភពលោក ជាពិសេស អតិថិជននៅទ្វីបអឺរ៉ុប។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញអង្ករតាមរយៈការចូលរួមគាំទ្ររបស់ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ Feed the Future Cambodia Harvest III សមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១២ក្រុមហ៊ុន បាននាំយកនូវផលិតផលអង្ករ ដែលមានគុណភាពបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោកទៅចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l'Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះបានប្រព្រឹត្តឡើង កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ឆ្នាំ២០២៤ នេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំនូវពន្លាទំហំ ៨០ម៉ែត្រការ៉េ ដែលស្ថិតនៅអាគារលេខ (Hall) ទី៨ ស្តង់លេខ (Stand) #8B025 តំបន់ Paris Nord Villepinte នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ការចូលរួមពិព័រណ៍ម្ហូបអាហារអន្តរជាតិ Salon International de l'Alimentation (SIAL) Paris ឆ្នាំ២០២៤ នេះ គឺជាការចូលរួមលើកទី០២ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បន្ទាប់ពីការចូលរួមលើកទី០១ នៅក្នុងឆ្នាំ២០១៤។
កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Salon International de l'Alimentation (SIAL) Paris ឆ្នាំ២០២៤នេះ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើនមកពីជុំវិញពិភពលោក ជាពិសេស អតិថិជននៅទ្វីបអឺរ៉ុប។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារអឺរ៉ុប គឺជាទីផ្សារយ៉ាងសំខាន់សម្រាប់កម្ពុជា ដែលជាក់ស្តែងរយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជាបាន នាំចេញអង្ករទៅកាន់ប្រទេសចំនួន២៦ នៅក្នុងទ្វីបអឺរ៉ុបបានចំនួន ២២៨.៧៣១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៨៦.៦៧ លានដុល្លារសហរដ្ឋអាមេរិក ឬ ជាង ៥១% នៃការនាំចេញសរុប ហើយក្នុងនោះប្រទេសបារាំងបានឈរនូវលំដាប់លេខរៀងទី១ ក្នុងចំណោមក្រុមហ៊ុននាំចេញចំនួន ៥៤ ដែលមានបរិមាណនាំចេញចំនួន ៧០.២២៧ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៥លានដុល្លារសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនចំនួន ៧.៨០០ ក្រុមហ៊ុន មកពី១៣០ប្រទេស បានមកចូលរួមតាំងពិព័រណ៍ និងមានផលិតផលចំនួន ៤០០.០០០ប្រភេទ ដែលជាផលិតផលផ្នែកចំណីអាហារ ភេសជ្ជៈ គ្រាប់ធញ្ញជាតិ ។ និងមានអ្នកទស្សនាអាជីពចំនួន (Trade Visitor) ២៨៥.០០០នាក់ មកពីជាង ២០០ប្រទេស ហើយក្នុងនោះក្រុមហ៊ុនអន្តរជាតិលំដាប់អន្តរជាតិធំៗ (Top Buyer) ចំនួនជាង ៨.០០០ ក្រុមហ៊ុន ដែលមានសមត្ថភាពទិញ (Purchasing Power) ក្នុងទំហំទឹកប្រាក់ ៥០កោដអឺរ៉ូ (50 Billion Euro) ក៏បានចូលរួមផងដែរ៕