អាជ្ញាធរ ធ្វើពិធីសូត្រមន្តរំដោះគ្រោះ លើបណ្តោយផ្លូវ ៦០ម៉ែត្រ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនករណី
ភ្នំពេញ ៖ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីកើតឡើង លើបណ្តោយផ្លូវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬហៅថា ផ្លូវ៦០ ម៉ែត្រ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌមានជ័យ បានរៀបចំពិធី ប្រោះព្រំ ដើម្បីសុំសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរតាមបណ្តោយផ្លូវ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៦០ម៉ែត្រ)។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ចុះពិនិត្យស្ថានភាពផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ( ផ្លូវ 60ម៉ែត្រ ) ដើម្បីសិក្សាតម្លើងកាមេរ៉ាចាប់ល្បឿន តម្លើងបន្ថែមនូវស្លាកសញ្ញាចរាចរណ៍ តម្លេីងបន្ថែមភ្លើងស្ដុប និងព្រមទាំងអ៊ុតគំនូសសញ្ញាចរាចរណ៍បន្ថែមផងដែរ៕