កំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤។

ការបញ្ចប់ការវាស់វែងដីធ្លី មានលក្ខណៈជាប្រព័ន្ធនឹងបម្រើឧត្តមប្រយោជន៍ របស់ប្រជាជនគ្រប់រូប និងតជំនាន់ ជាមួយគ្នានេះវាជាមូលដ្ឋានច្បាប់ដ៏រឹងមាំ ដែលនឹងចូលរួមកាត់បន្ថយ និងបញ្ចប់វិវាទទាំងឡាយ និងចូលរួមបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។ ម្យ៉ាងវិញទៀត ការបញ្ចប់ការវាស់វែងដីធ្លី នឹងអនុញ្ញាតឱ្យខេត្តរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល និងនាមភូមិសាស្ត្រ ប្លង់ហេដ្ឋារចនាសម្ព័ន្ធ និងទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដីធ្លី និងពង្រីក កំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ខេត្តកំពង់ចាម ជាខេត្តគោលដៅមួយ ក្នុងចំណោមខេត្តគោលដៅទាំង២១ ត្រូវបានចាត់តាំងអនុវត្តបទបញ្ជាលេខ ០១បប ចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ បានអនុវត្តនៅលើស្រុកគោលដៅចំនួន ០៥ស្រុក គឺស្រុកស្ទឹងត្រង់ ស្រុកតំបែរ, ស្រុកត្បូងឃ្មុំ, ស្រុកអូររាំងឪ និងស្រុកមេមត់ ដោយមានក្រុមការងារចូលរួម ២០ក្រុម ស្មើនឹងចំនួនមនុស្ស ២៥៣ នាក់ ក្នុងនោះស្រ្តីមានចំនួន ៤៦នាក់ ដែលរួមមាន៖ យុវជនស្ម័គ្រចិត្តសម្តេចតេជោ មាន១០ក្រុម ស្មើនឹង១២០នាក់ (ស្រី ៣១នាក់) មន្រ្តីបច្ចេកទេស មាន ១០ក្រុម ស្មើនឹង ១០០នាក់ (ស្រី ១៥នាក់) គ្រូពេទ្យ មាន ១៦នាក់ និងអ្នកបើកបររថយន្ត មាន ១៧នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ