នាយឧត្តមសេនីយ៍ ស សុខា ៖ ថៃ កំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេស មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែន
ព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចែករំលែកព័ត៌មានសំខាន់ៗ អំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស សុខា នាឱកាសអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងនគរបាលជាតិ ឈរជើងតំបន់ការពារព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ នៅបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ស្ថិតនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្បែរតំបន់មុំបី ព្រំដែនកម្ពុជា ថៃ និងឡាវ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស សុខា បានចាត់ទុកបេសកកម្មនគរបាលការពារព្រំដែន ជាពិសេសក្នុងកាលៈទេសៈរងការប៉ុនប៉ងឈ្លានពានពីកងទ័ពថៃនាពេលនេះ ជាការបញ្ជាក់នូវស្មារតីប្រកៀកស្មាយ៉ាងរឹងមាំ នៃកងកម្លាំងរបស់ជាតិ ដូចគ្នានឹងស្មារតីរួបរួមគាំទ្ររាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និយាយជារួម និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋាននគរបាលគ្រប់រាជធានី ខេត្ត បានសហការគិតគូរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំទ្រជំនួយស្បៀងអាហារសម្ភារៈដល់នគរបាលការពារព្រំដែន ជាក់ស្ដែងចុងក្រោយនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត រាជធានីភ្នំពេញ និងនៅថ្ងៃនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងនាំមកនូវជំនួយគាំទ្រជាច្រើនផងដែរ។
ជាការកត់សម្គាល់ នាយឧត្តមសេនីយ៍ បានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។
ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេលវេលារបស់ភាគីថៃ នាយឧត្តមសេនីយ៍ បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ៕