ប្រធានាធិបតីបារាំង អះអាងថា បារាំង អាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគី កម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់
ភ្នំពេញ ៖ ប្រធានាធិបតីបារាំង លោក Emmanuel MACRON បានអះអាងថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់ភាគីកម្ពុជា-ថៃ ដើម្បីដោះស្រាយជម្លោះព្រំដែន ក្នុងករណីចាំបាច់ ដែលការបញ្ជាក់បែបនេះ បានធ្វើឡើង ក្នុងជំនួបទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងនីស ប្រទេសបារាំង។
នេះបើតាម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ អះអាងថាគោលបំណងដែលសម្ដេចប្រាប់ប្រធានាធិបតីបារាំងគឺដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជាហើយគ្មានចេតនា ចង់បានអ្វីពីបារាំងឡើយ។គួរឱ្យដឹងថាមុនប្រាប់ប្រធានាធិបតីបារាំងសម្ដេចធិបតីហ៊ុន ម៉ាណែត ក៏បានទូរសព្ទទៅប្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ នេះ អំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃផងដែរ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា កងទ័ពថៃ បានឈ្លានពានដីកម្ពុជា និងលបលួចបាញ់ប្រហារមកលើលេណដ្ឋាន ក្នុងភូមិសាស្ត្រតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីប្រមាណ៣០មុន បណ្ដាលឱ្យកងទ័ពកម្ពុជា ឈ្មោះ សួន រ៉ោន វ័យ៤៧ឆ្នាំ បាត់បង់ជីវិតភ្លាមៗ៕