សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្ដូរកម្ពុជា ដូច្នេះអ្នកទាំងឡាយ កុំនិយាយថា ដូរ ឬមិនដូរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានថ្លែងប្រកាសថា គ្មានអ្វីត្រូវស្រពេច ស្រពិលនោះទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្ដូរកម្ពុជា ដូច្នេះអ្នកទាំងឡាយ កុំចាំបាច់និយាយថា «ដូរ ឬមិនដូរ»។
ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូប និងចលនា ចលករ នៃការផ្លាស់ប្ដូរ ពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយស្រួលជាងមុន។
សម្ដេច ប្រធាន មានប្រសាសន៍ថា «ខ្ញុំ សូមគូសបញ្ជាក់ថា គ្មានអ្វីត្រូវស្រពេចស្រពិលទេ គឺគណបក្សប្រជាជនកម្ពុជា ជានិមិត្តរូប នៃការផ្លាស់ប្ដូររបស់ព្រះរាជាណាចក្រកម្ពុជា សូមអ្នកទាំងឡាយ កុំចាំបាច់និយាយថា ដូរ ឬដូរ មិនដូរ គណបក្សប្រជាជន គឺជានិមិត្តរូប និងចលនា ចលករ នៃការផ្លាស់ប្ដូរ ពីស្ថានភាពដ៏លំបាក ទៅកាន់ភាពងាយ ស្រួលជាងមុន។ សូមជឿទុកចិត្ត នៃការផ្លាស់ប្ដូររបស់យើង»។
សម្ដេច ប្រធាន បន្ថែម ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូង នៃរាជរដ្ឋាភិបាល សម្រាប់និតីកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលធំៗជាច្រើន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្របញ្ចុកោណដំណាក់កាលទី១ របស់ខ្លួន៕