បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង បានសំណូមពរគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិ។

នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច ស ខេង មានប្រសាសន៍ថា តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានដាក់ចេញអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្ដេច បន្ដថា ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់មនុស្សយើងក្តី ការបារម្ភក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើង នៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។

សម្ដេច មានប្រសាសន៍ថា «សំណូមពរឱ្យអាជ្ញាធរ ក៏ដូចជា គ្រប់ផ្នែកពាក់ព័ន្ធ សិស្សានុសិស្សដែរ រួមទាំងប្រជាពលរដ្ឋទាំងអស់ក្នុងនោះមានទាំងក្មួយៗ សូមយកចិត្តទុកដាក់ចូលរួមបង្ការទប់ស្កាត់អំពើឆបោកតាម ប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ»។

ទន្ទឹមនឹងនេហ សម្ដេច ស ខេង ក៏បានផ្តាំផ្ញើនូវកិច្ចការងារមួយចំនួន ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ រួមមាន៖ សូមឱ្យក្មួយៗចៅៗ បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងនៅក្នុងថ្នាក់រៀន ក៏ដូចជាស្វ័យសិក្សា ដើម្បីឈានទៅសម្រួចសមត្ថភាពនៅថ្នាក់ឧត្តមសិក្សាស្របតាមស្មារតីនៃគោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត ក៏ដូចជាគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០។ សូមចៀសឱ្យឆ្ងាយពីអំពើអបាយមុខគ្រប់ប្រភេទ ពិសេសគ្រឿង ញៀន និងចៀសឱ្យឆ្ងាយពីបាបមិត្ត គឺមិត្តដែលនាំយើងទៅរកក្តីវិនាសអន្តរាយ ឃ្លាតចាកឆ្ងាយពីការសិក្សា និងធ្វើឱ្យយើងធ្លាក់ទៅក្នុងរណ្តៅនៃអវិជ្ជា៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ