ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក នៅរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៥ ប៉ុន្តែនៅតាមបណ្ដាខេត្តនានា អាចរៀបចំបានជាធម្មតាទៅតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្ដែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

តាមរយៈសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា «ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដង ទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥»។

រាជរដ្ឋាភិបាល បន្ដថា ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

ចំពោះ ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ (បី)ថ្ងៃ ក្នុងឱកាសព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ២០៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥។

រាជរដ្ឋាភិបាល បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋានរៀងៗខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ