ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានមើលឃើញថា មជ្ឈដ្ឋានអគតិ បានលើកឡើងថា នាវាបរទេសចូលចតនៅផែរាមបានតែមួយផ្នែក ហេតុអ្វីផ្នែកផ្សេងចូលចតមិនបាន? មានអ្វីលាក់បាំង? ចំពោះចម្ងល់នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ពន្យល់ថា មូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានទ័ពការពារបូរណភាពទឹកដី ដូច្នេះតំបន់ខ្លះត្រូវមានការហាមឃាត់ ហើយការណ៍នេះ គឺដូចនឹងប្រទេសនានាក្នុងពិភពលោកដែរ។

ពីពិធីបិទសមយុទ្ធនាគមាស ប្រមុខការពារជាតិ ថ្លែងថា«ខ្ញុំសូមបញ្ជាក់ថាមូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ហេតុនេះហើយវាមានតំបន់ខ្លះដែលយើងអាចមានលទ្ធភាពជូនទៅដល់ភាគីមិត្តចូលទៅទស្សនា ចូលទៅសមយុទ្ធរួមគ្នា។ យើងបានសាងសង់នូវអគារស្នាក់នៅ និងកន្លែងសំចតជូនដល់នាវាចម្បាំង ក៏ដូចជា ភាគីមិត្តចូលមកសម្រាក និងសមយុទ្ធរួមគ្នា។ ហើយអគារខ្លះ គឺជាបញ្ជាការដ្ឋានរបស់កម្ពុជា។ ហេតុនេះហើយគឺយើង មានទីតាំង មានZone របស់យើងក្នុងការការពារ ក៏ដូចជាមានទីតាំងមួយដែលយើងបើកចំហរ ហើយនេះគឺមិនមែនតែប្រទេកម្ពុជាតែមួយគត់ ដែលមានកិច្ចការងារនេះ។ ខ្ញុំជឿជាក់ថាប្រទេសជិតខាង និងពិភពលោកក៏មានកន្លែងដែលហាមឃាត់ ដូចតែមូលដ្ឋានសមុទ្ររាមរបស់យើងផងដែរ »។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ខណៈមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យនោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ