រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អំពាវនាវឱ្យចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) បានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស-និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
តាមរយៈបណ្ដាញសង្គម នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឆ្លៀតពេលបន្តិចនាំក្រុមគ្រួសារ និងក្រុមការងារ ដើរទស្សនាកម្សាន្តទិដ្ឋភាព ផ្លូវថ្មើរជើង (Walk Street) ដ៏ស្រស់ត្រកាល ក្នុងទឹកដីរាជធានីភ្នំពេញ។
ផ្លូវថ្មើរជើង (Walk Street) នេះ បាន និងកំពុងដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា «សូមអញ្ជើញពុកម៉ែ បងប្អូន យុវជន យុវនារី សិស្ស និស្សិត ចូលរួមដើរកម្សាន្តលើផ្លូវថ្មើរជើង (Walk Street) ឱ្យបានច្រើនកុះករ ដើម្បីជំរុញបន្ថែមវិស័យទេសចរណ៍ក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាការដើរហាត់ប្រាណ ដើម្បីសុខភាពល្អផងដែរ»។
គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕