សម្តេចក្រឡាហោម ស ខេង ៖ នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានលើកឡើងថា នៅលើលោកនេះ វាគ្មានប្រទេសណាប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះនោះទេ វាតែងតែមានបញ្ហានេះ បញ្ហានោះហើយ។
ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន គឺជាមគ្គទេសក៏ឯកដ៏ឆ្នើម ក្នុងការដោះស្រាយបញ្ហានៅប្រទេសកម្ពុជា ពីការបែកដោយសារសង្គ្រាម រហូតដល់ប្រទេសកម្ពុជាមានសុខសន្ដិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ដែលបានដាក់ចេញ ដោយមានការគាំទ្រ និងចូលរួមរបស់ថ្នាក់ដឹកនាំផ្សេងៗទៀត ក៏ដូចជា មន្ដ្រីរាជការ ព្រមទាំង ប្រជាពលរដ្ឋផងដែរ។
សម្ដេចក្រឡាហោម បន្ដថា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ប្រទេសកម្ពុជា គ្មានសង្គ្រាមទៀតទេ ឬក៏អាចនិយាយថា «គ្មានកងកម្លាំងប្រដាប់អាវុធណានៅក្រៅច្បាប់នោះទេ» គឺស្ថិតនៅក្នុងការគ្រប់គ្រង់ដោយរាជរដ្ឋាភិបាល ដែលកើតមានចេញពីការបោះឆ្នោត។
សម្ដេចក្រឡាហោម បន្ថែមថា ការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា យើងមានការខិតខំប្រឹងប្រែង ក្រោយការដឹកនាំ សម្ដេចតេជោ បានធ្វើឱ្យប្រទេសកម្ពុជា ប្រកាន់យកនូវលទ្ធប្រជាធិបតេយ្យ សេរីពហុបក្ស ទោះបីមានអ្នករិះគន់។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ប៉ុន្ដែនៅលើលោកនេះ វាគ្មានប្រទេសណាដែលប្រកាន់ភ្ជាប់នូវលទ្ធប្រជាធិបតេយ្យ ល្អឥតខ្ចោះនោះទេ វាតែងតែមានបញ្ហានេះ បញ្ហានោះ។ យ៉ាងណាមិញ កម្ពុជា ដែលឆ្លង់កាត់នូវការលំបាក នូវការបែកបាក យើងធ្វើប៉ុណ្ណឹង ចាត់ទុកថា ជាជោគជ័យធំណាស់ ដែលយើងមិនអាចបំផ្លិចបាន»៕