ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ៖ ព្រឹត្តិការណ៍ «សំណេរអង្គរ» ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍
សៀមរាប ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍«សំណេរអង្គរ» បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជននិងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសអ្នកចូលចិត្ដនិយមអក្សរសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឲ្យបានច្បាស់។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែដូចនេះនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ នាឱកាសលោកនិងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី អញ្ជើញជាគណអធិបតី បើកកម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងមានការចូលរួមពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងដែលមានបេក្ខជនចូលរួមប្រកួត ១២២០អង្គ/នាក់។
ជាមួយគ្នានោះផងដែរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកទឹកចិត្តឲ្យក្រសួងស្ថាប័នរដ្ឋ បាលគ្រប់ថ្នាក់ជាតិ ពិសេសគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងសាលារៀន រៀបចំការប្រឡងប្រណាំងអំណាន និងសំណេរ ឬបង្កើតព្រឹត្តិការណ៍អប់រំនានា ដើម្បីជំរុញដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងអ្នកចូលចិត្តអក្សរសាស្ត្រខ្មែរ អាចបញ្ចេញសមត្ថភាពប្រកបដោយភាពក្លាហានមានទំនុកចិត្ត និងទទួលយកការពិតពី ប្រាកដរបស់ខ្លួនព្រមទាំងខិតខំប្រឹងប្រែងសិក្សារៀនសូត្រពង្រឹងអំណាចបានសរសេរនិពន្ធបន្ថែមទៀត ដើម្បីធ្វើឲ្យអក្សរសាស្ត្រខ្មែរ កាន់តែមានភាពសម្បូររុងរឿង និងមានភាព នឹងកើនទៅដល់កម្រិតកំពូលផងដែរ៕