ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ព្រោះមានកុមារាម្នាក់នៅខេត្តក្រចេះ បានឆ្លងជំងឺផ្តាសាយបក្សីនេះ យ៉ាងធ្ងន់ធ្ងរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែល មានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

កុមារា ត្រូវបាននាំមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាព និងការវិវត្តជំងឺកុមារា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិត ក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យ ជំនាញ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមការសាកសួរ បង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ជាលក្ខណៈ គ្រួសារ និងមានមាន់ងាប់ប្រហែល៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់ មកធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់ របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើ យុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ