ភ្នំពេញ ៖ ទាំងខ្មាន់កាំភ្លើងជនជាតិចិន និងបក្ខពួកសរុប៥នាក់ ត្រូវបានកម្លាំងនគរបាលរួមសហការគ្នាស្រាវជ្រាវបង្ក្រាប ពាក់ព័ន្ធករណីបាញ់បោះនៅអគាររតនៈសម្បត្តិ ដែលមានទីតាំងស្ថិតនៅអគាររតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការជាបន្ដបន្ទាប់រហូតឈានបង្ក្រាបបានជនដៃដល់ និងបក្ខពួកទាំង៥នាក់នេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

វត្ថុតាងចាប់យក អាវុធវែង ម៉ាក AK47 ចំនួន២ដើម, គ្រាប់កាំភ្លើងប្រភេទ AK មិនទាន់ផ្ទុះ ចំនួន១គ្រាប់, ការ៉ុង ពណ៌ស ចំនួន១, អាវុធខ្លីគ្មានម៉ាក (ក្លែងក្លាយ) ចំនួន១ដើម និងគ្រាប់ចំនួន៣គ្រាប់ (ជ័រ), គ្រាប់អាវុធវែង និងខ្លី សរុបចំនួន៥៩គ្រាប់, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AC-7210 ចំនួន១គ្រឿង, រថយន្តម៉ាក TOYOTA LEXUS RX330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AH-2304 ចំនួន១គ្រឿង។

បន្ទាប់ពីបញ្ចប់ការសួរនាំ ជនសង្ស័យទាំង៥នាក់ខាងលើ រួមជាមួយវត្ថុតាង នឹងត្រូវបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ស្អែកនេះ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ