ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការភ័ណ្ឌច្រឡំ ដោយចោទថាក្រសួងអប់រំ កំពុងតែព្យាយាមកែប្រវត្តិសាស្ត្រ តាមរយៈការរៀបចំសៀវភៅថ្មី ឱ្យទៅដឹងគុណប្រទេសជិតខាង ហើយក្បត់ប្រវត្តិសាស្ត្រឯង ដាច់ខាតត្រូវតែបកស្រាយ ឱ្យបានច្បាស់លាស់ ខណៈដែលសៀវភៅនេះ គឺជាសៀវភៅប្រវត្តិសាស្ត្រ បំពេញបន្ថែមថ្មី សម្រាប់សិស្សានុសិស្ស សិក្សាជាមួយសៀវភៅ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវទ្យាល័យ អាស៊ី អឺរ៉ុប សរុបចំនួន ២ ៥៥១ អង្គ/នាក់ នៅមជ្ឈមណ្ឌលសន្និបាតនិង ពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធបិតី ហ៊ុន ម៉ាណែត លើកឡើងថា សៀវភៅដែលបោះពុម្ភថ្មីនេះ គឺជាសៀវភៅបំពេញបន្ថែម របស់ក្រសួងអប់រំ ទៅលើសៀវភៅប្រវត្តិវិទ្យា សម្រាប់បឋមសិក្សា ដែលមាន៣ច្បាប់ ក្នុងនោះនិយាយអំពីប្រវត្តិសាស្ត្រខ្មែរ តាមដំណាក់កាល នៃប្រវត្តិសាស្ត្រ ដែលបានកកើត ។

ក្នុងចំណោមសៀវភៅទាំង ៣ក្បាល ត្រូវបាន សម្តេចធិបតី មើលឃើញថា សៀវភៅមួយក្បាលដែលមានចំណងជើងថា «ខ្មែរ និងដំណើរឆ្ពោះទៅកាន់ វិបុលភាព» ដែលមានភាពចម្រូងចម្រាស់ខ្លាំងជាងគេ ដែលទាមទារឱ្យ សម្តេច ត្រូវតែ ចេញមកបកស្រាយ ។

សម្តេចធិបតី បានពន្យល់ថា សៀវភៅខាងលើនេះ មិនមែនចេញមកជំនួសសៀវភៅ ប្រវត្តិសាស្ត្រចាស់នោះទេ និងមិនមានការកែប្រែអ្វីឡើយ ប៉ុន្តែបំពេញបន្ថែម នូវរូបភាពជាច្រើន ដើម្បីឱ្យសិក្សានុសិស្សសិក្សាងាយយល់តែប៉ុណ្ណោះ ។ហើយត្រូវបានចាត់ទុកថាជាការ ធ្វើទំនើបកម្ម នៃរបៀបបង្រៀន។


បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា រឿងជាតិនិយម ការស្រលាញ់ជាតិ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ ត្រូវតែមានគ្រប់គ្នាទាំងអស់ ខណៈដែលអ្នកបារម្ភ លើបណ្តាញសង្គមភាគច្រើន មិនទាន់បានបើកមើល សិក្សាពីសៀវភៅនេះនៅឡើយនោះទេ ដោយគ្រាន់តែវាយតម្លៃ តាមគម្របមុខនៃសៀវភៅ។

សម្តេច នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់បន្ថែមថា «អ្នកដែលចោទថាយើង សរសេរសៀវភៅនេះ ដើម្បីដឹងគុណវៀតណាម គឺអត់មានទេ ក្នុងសៀវភៅនេះ មិនមាននិយាយច្រើនពីវៀតណាម ក្រៅពីទំព័រ៤១ មួយបន្ទាត់ ទំព័រ៤២ តែមួយបន្ទាត់ទេ និយាយអំពីរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីវៃរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បូកជាមួយនិងការពារ ការស្តារឡើងវិញក្រោយពីនោះ ជាតឋភាពជាស្តែង ហើយក្រៅពីនេះ និយាយពីខ្មែរទាំងអស់ ស្នាដៃរបស់បុព្វបុរសខ្មែរ ជំនាន់សម្តេចតា ក្រោយមកខ្មែររួមគ្នារកសន្តិភាព បូកជាមួយនិងទិដ្ឋភាពឈឺចាប់មួយចំនួន ដែលយើងឆ្លងកាត់ កុំឱ្យឆ្លងកាត់ឡើងវិញ និយាយអំពីខ្មែរទាំងអស់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ