ភ្នំពេញ៖ ក្រោយកើតមានករណីអគ្គិភ័យឆាបឆេះផ្ទះវីឡាមួយកន្លែងក្នុងក្រុងតាខ្មៅ អាជ្ញាធរបានរកឃើញថ្នាំញៀនជាង ២តោន និងម៉ាស៊ីនកែច្នៃគ្រឿងញៀន ខណៈជនជាតិឥណ្ឌាម្នាក់ត្រូវចាប់ខ្លួនបញ្ចូនទៅតុលាការ។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចទីតាំងផ្ទះលេខ០៨ ផ្លូវបេតុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ករណីខាងលើនេះ ត្រូវបានអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថាកម្លាំងជំនាញកំពុងតាមប្រមាញឧក្រិដ្ឋជន២នាក់បន្ថែមទៀត ។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យឈ្មោះ SARABJIT ភេទប្រុស អាយុ៣៨ឆ្នាំជាជនជាតិឥណ្ឌា ពាក់ព័ន្ធនឹងករណីផលិត រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន ក្នុងចំណោមបក្ខពួក៣នាក់។

នាយឧត្ដមសេនីយ៍បន្តថា បុរសជនជាតិឥណ្ឌានោះ ត្រូវបញ្ចូនទៅតុលាការហើយ ខណៈជនសង្ស័យ២នាក់ទៀតជាជនជាតិប៉ាគីស្ថាន និងឥណ្ឌា កម្លាំងជំនាញកំពុងតាមប្រមាញដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បរិយាយថា ក្រុមឧក្រិដ្ឋជនតែងតែស្វែងរកទីតាំងដែលមានអំណោយផលក្នុងការប្រព្រឹត្តិបទល្មើស មានន័យថា ជុំវិញទីតាំងខាងលើ មានផ្លូវព័ទ្ធជុំវិញ ព្រមទាំងមានការបិទបាំងបរិវេណខាងក្រៅ មិនត្រឹមតែប៉ុណ្ណោះខាងក្នុងកន្លែងផលិតកែច្នៃផ្ទាល់ប្រៀបបានបន្ទប់ខារ៉ាអូខេ ដោយមិនមានសំឡេងរំខានដល់អ្នកជិតខាង ជៀសផុតពីការកត់សម្គាល់របស់សមត្ថកិច្ច ម្យ៉ាងវិញទៀតសូម្បីកាកសំណល់ចេញពីច្រវាក់ផលិតកម្មនោះ ក្រុមឧក្រិដ្ឋជនរង់ចាំឱកាសទើបដឹកតាមរថយន្តយកទៅបោះចោល។

នាយឧត្ដមសេនីយ៍ បញ្ជាក់ថា មកទល់ពេលនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់អាចសន្មត់ជាផ្លូវការឡើយថា ផ្ទះវីឡានោះជាទីតាំងផលិតគ្រឿងញៀនបានហើយឬនៅនោះទេ ព្រោះករណីនេះ កំពុងក្នុងស្ថិតការស្រាវជ្រាវ។ នាយឧត្ដមសេនីយ៍ លើកឡើងទៀតថា ឧបករណ៍បម្រើការផលិតក្នុងផ្ទះវីឡានោះ ជាប្រភេទមាស៊ីនបោះពុម្ពគ្រាប់ថ្នាំ ដែលមានធាតុផ្សំស្រាប់ គឺគ្រាន់តែបន្ថែមក្លិន និងពណ៌ ទើបកម្លាំងជំនាញត្រូវការពេលពិនិត្យដើម្បីឱ្យប្រាកដថាជាករណីផលិត ឬកែច្នៃផលិត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ