ក្រសួងមហាផ្ទៃ ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ពុំត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពស្វែងរកប្រាក់ចំណេញ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ពុំត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយ មានគោលដៅស្វែងរកប្រាក់ចំណេញបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នា ឬអាច ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ។
តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នាពេលកន្លងមក ក្រសួងមហា ផ្ទៃបានដាក់ចេញនូវសេចក្តីជូនដំណឹងរំលឹកអំពីការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ និងបានកត់សម្គាល់ឃើញថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយចំនួនបានមកបំពេញកាតព្វកិច្ចបានត្រឹមត្រូវ ប៉ុន្តែមួយចំនួនទៀតនៅតែបន្តខកខានពុំបានមក បំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាននៅឡើយ។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកសារជាថ្មី (លើកទី៤) ដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថា ដើម្បីធានាបាននូវការអនុវត្តសកម្មភាពប្រតិបត្តិការ ការងារត្រឹមត្រូវតាមគោលការណ៍ច្បាប់កំណត់ និងការពារបាននូវផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និង ផលប្រយោជន៍សាធារណៈ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈប្រកបដោយតម្លាភាពនិងគណនេយ្យភាព និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ត្រូវបំពេញកាតព្វកិច្ច។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ពុំត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពណា មួយដែលមានគោលដៅស្វែងរកប្រាក់ចំណេញបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នា ឬអាច ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមជាតិកម្ពុជា ដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឡើយ។ ទន្ទឹមនេះ ត្រូវបានលើកទឹកចិត្តឱ្យសហការក្នុងភាពជាដៃគូជាមួយ ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងពេលធ្វើសកម្មភាពលើវិស័យជំនាញនីមួយៗ ស្របតាមច្បាប់កំណត់»។
ក្រសួងមហាផ្ទៃ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ជី និងតម្កល់សំណុំលិខិតលក្ខន្តិកៈនៅក្រសួងមហាផ្ទៃ ចូលរួមអនុវត្តតាម សេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹង នីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា៕