ព្រះមហាក្សត្រ ៖ ទិវាវប្បធម៌ជាតិ មានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារ ក្នុងឱកាសនៃទិវាវប្បធម៌ជាតិ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
តាមរយៈព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ បានព្រះរាជបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជា ស្របតាមទិសស្លោក «កម្ពុជា: ព្រះរាជាណាចក្រនៃវប្បធម៌» បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ។
ព្រះមហាក្សត្រ បានចាត់ទុកទិវាដ៏សំខាន់នេះ គឺមានសារៈសំខាន់ ក្នុងការបង្កើនការយល់ ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។
ជាពិសេសទិវានេះ បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពី គុណវុឌ្ឍ និងតួនាទីស្នូលដ៏សំខាន់របស់យុវជន ដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៌ចម្រុះ របស់សហគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត៕