ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ ភូមិសាស្ត្រ តម្រូវការសេវាទីប្រជុំជន និងសក្តានុពលសេដ្ឋកិច្ច។

លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកការពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពក្នុងការដឹកនាំរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងសំណើ សំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាន់ពេលវេលា ដូចជា ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប៉ះពាល់សុខភាពនិងអាយុជីវិតប្រជាជនរបស់រាជរដ្ឋាភិបាលយ៉ាងមានប្រសិទ្ធភាព នាពេលកន្លងទៅនេះ។

ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពរឹងមាំ ស្អាតស្អំ មានសមត្ថភាព មានលទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការគ្រប់គ្រង នឹងជួយឱ្យការអនុវត្តមុខងារនានាដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្លាយជាស្ថាប័នទំនើបកម្ម ទាំងទៅលើការគ្រប់គ្រង ការផ្តល់សេវា និងចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ក្នុងនាមជាប្រធាន គ.ជ.អ.ប លោកឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទោះបីមុខងារ និងធនធានត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយ ក៏ក្រសួង ស្ថាប័ន ដែលបានផ្ទេរមុខងារទាំងនោះ នៅតែមានកាតព្វកិច្ចក្នុងការរៀបចំគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី ស្តង់ដារ ជាពិសេសការបន្តការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែងការអនុវត្តមុខងារទាំងនោះ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព គណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដារអប្បបរមាដែលបានកំណត់ជាធរមាន។

ផ្អែកលើឆន្ទៈនយោបាយដ៏មុតមាំ និងគំនិតផ្តួចផ្តើមថ្មីៗ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី បានស្នើថ្នាក់ដឹកនាំក្រសួង ស្ថាប័នសមាជិក សមាជិកា នៃ គ.ជ.អ.ប.ទាំងអស់ បន្តផ្តោតការយកចិត្តទុកដាក់ជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលតាមការគ្រោងទុកថែមទៀត ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវតាមគោលការណ៍ នីតិវិធី និងស្តង់ដារដែលបានកំណត់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ