អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកដែលបង្ហោះវីដេអូផ្សព្វផ្សាយពីល្បែងអនឡាញទាំងអស់ ត្រូវលុបចេញវិញជាបន្ទាន់នូវរាល់ការបង្ហោះ របស់ខ្លួននាពេលកន្លងមក។
តាមរយៈសារជូនដំណឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ អគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា ក្នុងករណីអ្នកដែលបានបង្ហោះនាពេលកន្លងមក មិនបានលុបចោលនូវវីដេអូទាំងអស់នោះវិញទេ នឹងត្រូវចាត់វិធានការច្បាប់ជាធរមាន។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងធ្វើការទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងឡាយ ធ្វើការលុបចោលព័ត៌មានល្បែង អនឡាញពីបណ្តាញសង្គម។ ក្នុងករណីចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវ»។
ការជូនដំណឹងរបស់ស្ថាប័ននគរបាលជាតិនៅពេលនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់។
សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ សង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។
ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំ៕