កំពង់ចាម៖ ចោរប្លន់ប្រដាប់អាវុធរហ័សនាម «ប្រេស៊ីល» ដែលបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ចនៅពេលចុះបង្ក្រាប រួមនឹងបក្ខពួកម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ។

យោងតាមប្រភពព័ត៌មានពី លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការទាំងពីរនាក់នេះ ឈ្មោះ ឯម នាង ហៅ ម៉ម ទិត្យ ហៅ ប្រេស៉ីល និងឈ្មោះ គិត គីមហុង អាយុ២៨ឆ្នាំ។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបមុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើ។ នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានចាប់ខ្លួនមនុស្សសរុប ៥នាក់ ក្នុងនោះរកឃើញអ្នកពាក់ព័ន្ធតែ២នាក់។

ការបង្ក្រាបនេះជនល្មើសប្រដាប់ដោយអាវុធខ្លី K54 បាញ់មកលើសមត្ថកិច្ច បណ្ដាលឲ្យរងរបួសគល់ភ្លៅ ធ្លាយឆ្អឹងម្នាក់។ នគរបាលដែលរងរបួស លោកវរសេនីយ៍ទោ អ៊ុំ សុខនី នាយរងការិយាល័យព្រហ្មទណ្ឌស្រាល និងនាំមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ចោរប្លន់រហ័សនាម «ប្រេស៉ីល» គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធករណីឃាតកម្ម។ មុនឈានដល់ការចាប់ខ្លួន សកម្មភាពចុងក្រោយរបស់ពួកគេ បានប្លន់ម៉ូតូមួយគ្រឿង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ