លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ចរាចរជំងឺកូវីដ១៩នៅកម្ពុជា កំពុងស្ថិតនៅលើភ្លើងពណ៌លឿងនៅឡើយ មិនទាន់ដល់ចំណុចភ្លើងពណ៌ក្រហម ដែលគ្រប់គ្នាត្រូវបញ្ឈប់ការប្រុងប្រយ័ត្ននោះឡើយ។ បើមិនមានការប្រុងប្រយ័ត្នទេ ជំងឺកូវីដ១៩ នឹងនាំគ្រោះថ្នាក់ គ្រប់ពេលវេលា។ លោកជំទាវ បានបញ្ជាក់យ៉ាងដូច្នេះថា «ចរាចរវីរុសកូវីដ-១៩ នៅមិនទាន់មានភ្លើងស្តុបពណ៌ក្រហមនៅឡើយទេ។ កម្ពុជា ស្ថិតនៅស្ថានភាពភ្លើងស្តុបពណ៌លឿងនៅឡើយទេ។ ប្រសិនបើមិនគោរពភ្លើងពណ៌លឿងនេះទេ ហើយនៅតែសម្រុកបើកទៅមុខទៀតនោះ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩ ធ្វើឲ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩ហើយ»។

ការក្រើនរំលឹកនេះ បន្ទាប់ពីសង្កេតឃើញថា ប៉ុន្មានថ្ងៃមកនេះ នៅតាមដងផ្លូវ មានការធ្វើដំណើរណែនស្ទះចរាចរណ៍ និងប្រជាពលរដ្ឋមួយចំនួន បានចាប់ផ្តើមប្រកបរបរ និងជួបជុំគ្នា ហាក់លែងសូវខ្ងាយខ្វល់ និងប្រុងប្រយ័ត្នចំពោះបញ្ហាជំងឺកូវីដ១៩នោះឡើយ។ លែងសូវខ្វាយខ្វល់ ដោយសារស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានភាពធូរស្បើយច្រើន។ តែយ៉ាងណា ប្រមុខរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា តែងតែអំពាវនាវ និងក្រើនរំលឹក ជារឿយៗថា បើទោះបីជាស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា ធូរស្បើយក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ជំងឺនេះត្រូវបានបញ្ចប់នោះទេ ខណៈដែលប្រទេសជាច្រើន នៅលើពិភពលោកកំពុងឆ្លងរាលដាលខ្លាំង និងមានអ្នកស្លាប់រាប់សិបម៉ឺននាក់។

គួរបញ្ជាក់ថា មកដល់ថ្ងៃទី០១ ខែឧសភានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់។ ប៉ុន្តែអ្នកជំងឺ ១១៩នាក់ហើយ បានព្យាបាលជាសះស្បើយ នៅសល់តែ ៣នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ