ប៉ាគីស្ថាន៖ ជនជាតិប៉ាគីស្ថានជាង ៣០០នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅជិតតំបន់ឆ្នេរប្រទេសក្រិក គឺជាសោកនាដកម្មចុងក្រោយគេបង្ហាញពីវិបត្តិជនភៀសខ្លួនដែលសហភាពអឺរ៉ុបកំពុងប្រឈម ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ ព្យាយាមស្វែងរកទីជម្រកល្អប្រសើរ គេចចេញពីសង្រ្គាម ការរំលោភបំពាន និងភាពក្រីក្រ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី ១៩ មិថុនា ២០២៣។

ប្រធានព្រឹទ្ធសភាប៉ាគីស្ថានលោក Muhammad Sadiq Sanjrani បានចេញចំនួនមនុស្សស្លាប់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយរូបលោកសម្តែងនូវមរណទុក្ខ និងចូលរួមចែករំលែកការសោកស្តាយដល់ក្រុមគ្រួសារអ្នកស្លាប់ ។  

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរក្រិក ពុំទាន់បានបញ្ជាក់ពីចំនួនមនុស្សស្លាប់សរុបរបស់ជនជាតិប៉ាគីស្ថាននោះទេ ។ ដោយឡែក ប៉ាគីស្ថាន កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  

យ៉ាងណាមិញ ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ(IOM) បាននិយាយថា បុរស ស្រ្តី និងកុមារប្រហែល ៧៥០នាក់ បាននៅលើទូកមួយគ្រឿង ពេលវាលិចកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យវាស្ថិតក្នុងចំណោមសោកនាដកម្មលិចទូកដ៏អាក្រក់បំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ