មូស្គូ៖ មេដឹកនាំរុស្ស៊ីបានបញ្ជាឱ្យរដ្ឋាភិបាលរបស់ខ្លួនផ្តល់មូលនិធិដល់ការស្រាវជ្រាវលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ដើម្បីប្រកួតប្រជែងជាមួយលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ កញ្ញា ២០២៣។

យោងតាមឯកសាររបស់វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យរដ្ឋាភិបាលអនុវត្តវិធានការមួយ ដើម្បីគាំទ្រដល់ការស្រាវជ្រាវបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) រួមទាំងការបែងចែកថវិកាសហព័ន្ធប្រចាំឆ្នាំ។

ឯកសាររបស់វិមានក្រឹមឡាំងក៏បានអំពាវនាវដល់ក្រុមហ៊ុនរបស់រដ្ឋ ឱ្យពន្លឿនការបង្កើតបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងបានបញ្ជាឱ្យរដ្ឋាភិបាលគាំទ្រការបង្កើតកុំព្យូទ័រទំនើបបំផុត ដោយផ្តល់អាទិភាពដល់ក្រុមហ៊ុនផលិតរបស់រុស្ស៊ី។

ទន្ទឹមគ្នានោះ លោក ពូទីន បានអំពាវនាវម្តងហើយម្តងទៀត ឱ្យរុស្ស៊ីខិតខំប្រឹងប្រែងសម្រេចបាននូវអ្វីដែលគាត់ហៅថា “អធិបតេយ្យភាពបច្ចេកវិទ្យា” ខណៈដែលការដាក់ទណ្ឌកម្មរបស់លោកខាងលិច ជុំវិញជម្លោះនៅអ៊ុយក្រែន រារាំងទីក្រុងមូស្គូពីការទទួលបានគ្រឿងបន្លាស់កុំព្យូទ័រ ក្នុងនោះមានដូចជាបន្ទះឈីបជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ