ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ខណៈថ្មីៗនេះ មានករណីពលរដ្ឋយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាន់ គប់ ដំ គ្រវែង និងកែច្នៃ បណ្តាលឱ្យគ្រោះថ្នាក់កើតឡើងជារបួសស្នាម និងរហូតដល់បាត់បង់អាយុជីវិតជាច្រើននាក់។

តាមរយៈសេចក្ដីអំពាវនាវរបស់ អាជ្ញាធរមីន បានឲ្យដឹងថា ទោះបីសង្គ្រាមនៅកម្ពុជាបានបញ្ចប់ជាច្រើនទសវត្សរ៍ ហើយប្រតិបត្តិករជាតិ- អន្តរជាតិខិតខំបំពេញ បេសកកម្មបោសសម្អាតយុទ្ធភណ្ឌដែលនៅសេសសល់ពីសង្គ្រាមយ៉ាងសស្រាក់សស្រាំក៏ដោយ ប៉ុន្តែវិសាលភាពនៃសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះមានទំហំធំធេងស្ថិតនៅរាយប៉ាយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីបង្ការ និងទប់ស្កាត់ បាននូវគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ អាជ្ញាធរកម្ពុជាគ្រប់ គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដូចខាង ក្រោម ៖

១. សូមបងប្អូននៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះគ្រប់ប្រភេទ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ជាបន្ទាន់មក អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករបោសសម្អាតមីនដែលនៅក្បែរនោះ ដើម្បីយក គ្រាប់ទាំងនោះទៅកម្ទេចចោល។

២.សូមកុំចូលទៅតំបន់ណាដែលមិនស្គាល់ទីតាំងភូមិសាស្ត្រច្បាស់លាស់វាអាចមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ និងសូមសាកសួរអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ នៅតំបន់នោះ។

៣. សូមកុំកែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដើម្បីយករំសេវធ្វើសកម្មភាពណាមួយ ជាពិសេសបោកយកត្រី វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។

៤. សូមកុំទិញលក់ រក្សាទុក កែច្នៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលជាអំពើខុសច្បាប់ និងបង្កគ្រោះថ្នាក់បាត់បង់ជីវិត ធ្លាក់ខ្លួនពិការដល់ខ្លួនឯង គ្រួសារ និងអ្នកជិតខាង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ