មូស្គូ៖ មេដឹកនាំរុស្ស៊ីបានគូសបញ្ជាក់ថា ការដាក់កំហិតរបស់បណ្តាប្រទេសលោកខាងលិច សំដៅធ្វើឱ្យរុស្ស៊ីចុះខ្សោយឥទ្ធិពលនោះ កំពុងជំរុញកំណើនសេដ្ឋកិច្ចរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី២៤ កញ្ញា ២០២៣។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំនៃគណៈប្រធានក្រុមប្រឹក្សារដ្ឋ ថា រុស្ស៊ីបានទប់ទល់នឹងសម្ពាធរបស់បណ្តាប្រទេសលោកខាងលិច ដែលមានបំណងបំផ្លាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី ហើយវាកាន់តែរឹងមាំជាងមុន។

មេដឹកនាំរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ីបានកើនឡើងឡើងវិញដល់កម្រិតដែលសម្រេចបាន មុនពេលការដាក់ទណ្ឌកម្មទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ហើយថា វាមានសារៈសំខាន់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាព និងការអភិវឌ្ឍន៍រយៈពេលវែងបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលរុស្ស៊ីបានរក្សាទស្សនវិស័យវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួន។ ជាក់ស្តែងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខែល មីស៊ូស្ទីន បានព្យាករណ៍ថា នៅឆ្នាំ ២០២៤ រុស្ស៊ីនឹងវ៉ាដាច់បណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ