ម៉ិចស៊ីកូ ៖ ប្រធានាធិបតីម៉ិកស៊ិកលោក អាន់ដ្រេស ម៉ានូអ៊ែល ឡូប៉េស អូប្រាឌ័រ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានអះអាងថា លោក នឹងមិនចូលរួមកិច្ចប្រជុំកំពូលនៃទ្វីបអាមេរិកក្នុងសប្តាហ៍នេះឡើយ ដោយសារតែការដកចេញ ប្រទេសមួយចំនួនដោយរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៦ មិថុនា ២០២២។

ប្រធានាធិបតីម៉ិកស៊ិករូបនេះបានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន នៅឯវិមានជាតិក្នុង ទីក្រុងម៉ិកស៊ិក ថា វាដល់ពេលហើយ ដើម្បីផ្លាស់ប្តូរការអនុវត្ត នយោបាយ ដ៏មានឥទ្ធិពល។ លោកបានអំពាវនាវថា មិនអាចមានកិច្ចប្រជុំកំពូល នៃទ្វីបអាមេរិកបានទេ ប្រសិនបើប្រទេសទាំងអស់នៃទ្វីបអាមេរិក មិនចូលរួម។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក ដោយលោកបានសំដៅដល់ការខ្វះការគោរព របស់ខ្លួនដល់បណ្តាប្រទេសមួយចំនួន ក្នុងនោះរួមមានគុយបា ដែលខ្លួនបានបិទផ្លូវសេដ្ឋកិច្ចអស់ជាច្រើនទសវត្សរ៍មកហើយ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុន នេះ បានធ្វើការសម្រេចចិត្តចុងក្រោយ ក្នុងការដករដ្ឋាភិបាលនៃ ប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្កា ចេញពីកិច្ច ប្រជុំកំពូលអាមេរិក។ សហរដ្ឋអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាមេរិកលើកទី៩ ដែលចាប់ផ្ដើមពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមិថុនាខាងមុខនេះ។ កិច្ចប្រជុំកំពូលនេះ តែងតែប្រព្រឹត្តទៅជារៀងរាល់បីឆ្នាំម្តង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ