ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា កុំយកមតិពីសហជីពតែ២ ឬ ៣នាក់ មកនិយាយថា កម្ពុជាអត់សិទ្ធិសេរីភាព ត្រូវប្រមូលមតិពីសហជីពទាំងអស់នៅកម្ពុជា ពោលត្រូវមើលព្រៃទាំងមូល កុំមើលព្រៃតែ ១ដើម ឬ ២ដើម។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាថ្ងៃទី ២៨ ខែមែសា ឆ្នាំ២០២៤។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្រប តាមច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមា និងលិខិតបទដ្ឋានការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ចីកាអង្គការវិជ្ជាជីវៈសរុបចំនួនជាង៦ពាន់៣រយ ក្នុងនោះ សហភាព សហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួនជិត៦ពាន់ និងសមាគមនិយោជកមានចំនួន ១២។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមាន ប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំ នៃតួអង្គពាក់ព័ន្ធ និងការពង្រឹង យន្តការផ្សះផ្សាវិវាទការងារ។ សម្តេចធិបតី ក៏បង្ហាញការរីករាយចំពោះការដោះស្រាយវិវាទនានា ដោយក្នុងត្រីមាសទី១ នេះ អត្រាសះជានៃការផ្សះផ្សាវិវាទ ការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ