ឥណ្ឌូនេស៊ី ៖ មេដឹកនាំអាស៊ាន បានបន្តអំពាវនាវសារជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ ព្រមទាំងបង្ហាញការថ្កោលទោសចំពោះការវាយប្រហារលើសកម្មភាពមនុស្សធម៌របស់មន្ត្រីអាស៊ាននៅក្នុងប្រទេសនេះផងដែរ។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលចង្អៀតរបស់មេដឹកនាំអាស៊ាន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។

ក្នុងកិច្ចប្រជុំកំពូលចង្អៀត មេដឹកនាំកំពូលរបស់អាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្ត្រីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

ក្រៅពីនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ មេដឹកនាំអាស៊ាន ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកវាយប្រហារលើមន្ត្រីមនុស្សធម៌ ត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។

មេដឹកនាំអាស៊ាន បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានបទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា។

មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តគោលការណ៍ជាឯកច្ឆន្ទទាំង ៥ចំណុចស្តីពីបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ