ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីក្រសួងសន្ដិសុខចិន បានរួមគ្នាទប់ស្កាត់ ឲ្យបានដាច់ខាតនូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៍ ឬសកម្មភាពបង្កអសន្តិសុខ និងអស្ថិរភាពសង្គម។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ សម្ដេចក្រឡាហោម ស ខេង នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ២៨-៣០ ខែមេសា ឆ្នាំ២០២៣។

ក្នុងស្មារតីបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហការកាន់តែសកម្ម សំដៅសម្រេចបានសមិទ្ធផល ថ្មីៗបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ សម្ដេចក្រឡាហោម ស ខេង និងលោក វ៉ាង ស៊ាវហុង បានចុះហត្ថលេខាលើផែនការស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាង ក្រសួងទាំងពីរ ដោយក្នុងនោះបានឯកភាពបន្តយកចិត្តទុកដាក់លើកិច្ចការសំខាន់ៗ រួមមាន៖

-បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ ឲ្យបានដាច់ខាតនូវការប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ពណ៍ ឬសកម្មភាពដែលបង្កអសន្តិសុខ និងអស្ថិរភាពសង្គម សំដៅធានាបានរឹងមាំនូវបរិយាកាសល្អ ប្រសើរ បម្រើដល់ការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព និងផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជននៃប្រទេសទាំងពីរ ។

-បន្តពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្មមានអង្គការចាត់តាំង, ល្បែងស៊ីសងអនឡាញ, អំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍, ការជួញដូរមនុស្ស, ការរត់ពន្ធអាវុធ, ការជួញដូរគ្រឿងញៀន ជាដើម តាមរយៈការលើកកម្ពស់ យន្តការសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដែលមានស្រាប់រវាងភាគីទាំងពីរ។

-បន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកលើការកសាង និងបណ្ដុះបណ្ដាលធនធាន មនុស្សក្នុងវិស័យអនុវត្តច្បាប់ និងការគាំទ្រផ្នែកបច្ចេកទេស ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ដើម្បីបង្កើនសមត្ថភាព និងលទ្ធភាព, នៅក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្គេត និងបង្ក្រា បទល្មើស កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសការថែរក្សាសន្តិសុខសម្រាប់ព្រឹត្តិការណ៍ ជាតិ-អន្តរជាតិសំខាន់ៗ។

សូមជម្រាបជូនដែរ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងចុះហត្ថលេខា «ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់» ជាមួយ ឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ