ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ប៉ែន បូណា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។ ការគាំទ្រគម្រោងព្រែកជីកដ៏មានសារសំខាន់មួយនេះកំពុងក្លាយជាចលនាជាតិយ៉ាងធំទូលំទូលាយនិងបង្ហាញឱ្យឃើញពីមហាសាមគ្គីជាតិផ្ទៃក្នុងខ្មែរយ៉ាងរឹងមាំ។

គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។ អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។ នៅមានផលប្រយោជន៍ជាច្រើនទៀតដែលពលរដ្ឋរស់នៅតាមដងព្រែកទទួលបាន។

ផលប្រយោជន៍ដ៏មហិមានេះហើយដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីផ្តល់ការគាំទ្រដោយឥតរារែកដល់គម្រោងព្រែកជីកនេះ។ ចម្លែកអីតែអ្នកនយោបាយប្រឆាំងជ្រុលនិយម ចាស់តែវស្សា តែខ្លីបញ្ញាស្មារតី ស្រាប់តែចេញមុខប្រឆាំងដោយលើកហេតុផលដូចគ្នាទាំងស្រុងទៅនឹងបរទេសដែលរារាំងគម្រោងព្រែកជីករបស់កម្ពុជា។ ការចេញមុខប្រឆាំងផលប្រយោជន៍ជាតិខ្លួនឯងកំពុងធ្វើឱ្យអ្នកនយោបាយរូបនោះត្រូវបង់ថ្លៃយ៉ាងខ្ពស់ហួសពីការស្មាននោះគឺការថ្កោលទោសពីប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលសកម្មជននិងអ្នកគាំទ្ររបស់ខ្លួនបានដើរចេញជាបន្តបន្ទាប់។

សរុបមកវិញ ចលនាជាតិដ៏ធំធេងដើម្បីគាំទ្រព្រែកជីកហ្វូណនតេជោ ដែលកើតឡើងពេលនេះកំពុងបង្ហាញពីការរួបរួមរបស់ខ្មែរគ្រប់មជ្ឈដ្ឋានជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រនិងជាប្រយោជន៍ជាតិដ៏យូរអង្វែង។ ផ្ទុយទៅវិញ ចលនាជាតិនេះកំពុងដាក់ឱ្យអ្នកនយោបាយប្រឆាំងជ្រុលនិយមក្នុងសភាពឯកោកាន់តែខ្លាំងលើសពេលណាៗទាំងអស់។ នេះជាសញ្ញាបញ្ជាក់ប្រាប់ថា មនោគមន៍វិជ្ជានយោបាយជ្រុលនិយមនៅកម្ពុជាបានមកដល់ទីបញ្ចប់ហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ