ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារ។

តាមរយៈសារលិខិតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ឧសភា សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកា អង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥ ៩៨៣ និងសមាគមនិយោជកមានចំនួន ១២។

សម្ដេចធិបតី គូសបញ្ជាក់ថា «ជាមួយគ្នានេះ ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារ។ ជាក់ស្តែងក្នុងត្រីមាសទី១នេះ អត្រាសះ ជានៃការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ»។

សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់ ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពី ភាគីពាក់ព័ន្ធកន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រភពមូលនិធិ មួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏នឹងបន្តជំរុញឱ្យមានផែនការសកម្មភាពកាន់តែបុរេសកម្ម និងច្រើនថែមទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាពនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចំពោះសមាជិករបស់ខ្លួន និងការយល់ដឹងអំពីលក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍នានារបស់ភាគី ពាក់ព័ន្ធ ដើម្បីភាគីនីមួយៗ អាចបំពេញតួនាទីជាតំណាងសមាជិករបស់ខ្លួនបានកាន់តែល្អនិងមានវិជ្ជាជីវៈ ដោយឈរលើមូលដ្ឋានច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ