ក្រសួងការងារ-ILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ(ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ់ៈនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។
បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក ដែលបានកំណត់ និងធ្វើការពិភាក្សាទៅលើប្រធានបទ “ការគាំទ្រពលករទេសន្តរប្រវេសន៍កំឡុងពេលមានជំងឺរាតត្បាតសកលសម្រាប់សហគមន៍អាស៊ានមួយដែលមានការរួបរួម និងការឆ្លើយតបទាន់ពេល” និងអនុប្រធានបទថ្មីៗទៀត ដើម្បីលើកជាអនុសាសន៍សម្រាប់គាំទ្រដល់ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ស្របតាមការប្រែប្រួលនានានៃដំណាក់កាលថ្មីនៃយុគ្គឌីជីថល ដែលមានឥទ្ធិពលលើលក្ខខណ្ឌនានានៅទីកន្លែងធ្វើការងារ និងប្រភេទការងារ និងជាពិសេសការប្រែប្រួលពិភពការងារដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅស្ទើរតែគ្រប់ប្រទេសនៅលើសកលលោក៕ SP