សមាជិកនាវិកចំនួនជាង៤០នាក់ បានបាត់ខ្លួនបន្ទាប់ពីកប៉ាល់មួយគ្រឿង ដឹកសត្វគោក្របីរាប់ពាន់ក្បាល បានក្រឡាប់លិចនៅសមុទ្រចិនខាងកើត ក្នុងពេលដែលតំបន់នេះ ទទួលរងនូវឥទ្ធិពលពីខ្យល់ព្យុះទីហ្វុងMaysak ដែលវាយប្រហារនៅភាគខាងលិចកោះAmami Oshima ស្ថិតនៅភាគនិរតីប្រទេសជប៉ុន នាថ្ងៃទី២ខែកញ្ញាឆ្នាំ២០២០។

ឆ្មាំសមុទ្រជប៉ុននិយាយនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ នៅក្នុងឧប្បត្តិហេតុនេះ មានសមាជិកនាវិកតែម្នាក់គត់ ដែលត្រូវគេជួយសង្រ្គោះបាន នៅក្នុងប្រតិបត្តការរុករក។ នៅក្នុងប្រតិបត្តការរុករកនេះ មានការប្រើប្រាស់នាវា៣គ្រឿង ឧត្ថម្ភាគចក្រ៤គ្រឿង និងអ្នកជំនាញមុជទឹក២នាក់។

គួរជ្រាបជូនថា កប៉ាល់មួយគ្រឿង ដឹកសត្វគោក្របីជិត៦ពាន់ក្បាល និងសមាជិកនាវិក៤៣នាក់ បានធ្វើដំណើរចេញពីប្រទេសណូវែលសេឡង់ នៅថ្ងៃទី១៤ខែសីហា ហើយគ្រោងទៅដល់កំពង់ផែមួយ ក្នុងប្រទេសចិននៅ១៧ថ្ងៃបន្ទាប់។ ធ្វើដំណើរជិតដល់គោលដៅទៅហើយ ស្រាប់តែជួបប្រទះនូវរលកបោកបក់ខ្លាំង ដែលជាឥទ្ធិពលនៃខ្យល់ព្យុះMaysak។ ព្យុះ Maysak បានវាយប្រហារនៅឧបទ្វីបកូរ៉េ តែក៏មានឥទ្ធិពលលើប្រទេសក្បែរខាងផងដែរ។

ព្យុះកំណាចនេះបានធ្វើឲ្យមានការបាក់ដីនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី៣ខែកញ្ញា ដោយនាំមកនូវខ្យល់បក់បោកយ៉ាងខ្លាំង ហើយយ៉ាងហោចណាស់មានមនុស្ស២នាក់ ត្រូវបានសម្លាប់នៅភាគខាងត្បូងទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។ ព្យុះមួយទៀត គឺព្យុះទីហ្វុង Haishen កំពុងបោកបក់ភាគខាងត្បូងប្រទេសជប៉ុន ហើយត្រូវបានគេរំពឹងថា នឹងបោះពួយលើឆ្នេរសមុទ្រកូរ៉េនៅថ្ងៃអាទិត្យឬថ្ងៃចន្ទ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ