រត់ការចូលធ្វើប៉ូលីសតែត្រូវបរាជ័យដោយជនខិលខូច បោកប្រាស់អស់លុយ៦ពាន់ដុល្លារ រួចគេចខ្លួនបាត់
បុរសម្នាក់ បានសូកលុយគេ៦ពាន់ដុល្លារ ដើម្បីបានចូលធ្វើជាប៉ូលិសក្របខ័ណ្ឌ តែដឹងអី ! ប៉ះចំជនឆបោក ក៏ស៊ីដាច់លុយបាត់ ការងារក៏អត់ ទើបភ្ញាក់ខ្លួនដឹងថាចាញ់បោកគេ ក៏រត់រកលោកដួង តារា ជួយអន្តរាគមន៍។
យោងតាមគណនីហ្វេសប៊ុកផេក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក Duong Dara ដែលបានបង្ហោះសារថា « ឲ្យលុយគេរត់ការធ្វើធំ ប្រយ័ត្នគេបោក! សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វើជាប៉ូលិស ឬប៉េអ៊ឹម ជាពិសេសក្នុងពេលកូវីដ១៩នេះ។
លោកបន្តថា កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់ បានមកសុំឲ្យខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញ បានបោកយកលុយគាត់អស់ជាង៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការឲ្យគាត់បានធ្វើធំជាប៉ូលិស ឬជាប៉េអឹម។
ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត ហើយបង្ហើរពាក្យថា ទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្ទសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។
លោក ដួង តារាបានបន្ថែមថា ៖ខ្ញុំបានណែនាំប្រាប់ឲ្យប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ប៉ូលិសខណ្ឌ និងនៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទាទោស កុំឲ្យដើរបោកប្រាសពលរដ្ឋទៀត។សូមបងប្អូនកុំចាញ់បោកគេឲ្យសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង តែបែរជាឲ្យយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់ ព្រោះអាចជួបរឿងបែបនេះ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង»៕SP