សមត្ថកិច្ចពិនិត្យឃើញថា ថ្មីៗនេះមានការចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សាដែលកើតឡើងលើពលការិនីជនជាតិខ្មែរអ៊ីស្លាមម្នាក់នៅប្រទេសម៉ាឡេស៊ី។ករណីនេះត្រូវបានដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តជំនាញ និងជួយអន្តរាគមន៍។

នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោកជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ដែលត្រូវបានគេសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា "ក្មេងស្រីខ្មែរម្នាក់បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ" នោះត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមការសម្របសម្រួលពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ។ 

លោកជីវ ផល្លី បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចម៉ាឡេស៊ីកំពុងស៊ើបអង្កេតដើម្បីមានចំណាត់ការបន្តលើជនដៃដល់ រីឯជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

លោក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅនៅពេលដែលនារីរងគ្រោះខាងលើ បានត្រឡប់មកដល់ព្រះ កម្ពុជាវិញ ជំនាញរបស់នាយកដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់នាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធីនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ