ក្រុមការងារតាមដានហ្វេសប៊ុក សម្ដេច ស ខេង ទាត់ចោលចំពោះខ្លឹមសារអត្ថាធិប្បាយ លោក ផែង វណ្ណៈ លើកឡើងថា ក្រុមការងារតាមដានបង្កើតឡើង ដើម្បីភូតកុហកប្រជាជន
ភ្នំពេញ ៖ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជនក្នុងគេហទំព័រហ្វេសប៊ុក (Facebook Page) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើការបដិសេធចំពោះខ្លឹមសារអត្ថាធិប្បាយ បានលើកឡើងថា ក្រុមការងារតាមដាន បង្កើតឡើងដើម្បីភូតកុហកប្រជាជន និងឃុបឃិតបិទបាំងព័ត៌មាន ដូច្នេះក្រុមការងារ ចាត់ទុកការអត្ថាធិប្បាយនេះខ្វះមូលដ្ឋាន។
សូមជម្រាបថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជនក្នុង គេហទំព័រហ្វេសប៊ុក (Facebook Page) សម្ដេច ស ខេង បាននិងកំពុងខិតខំ ប្រមូលបញ្ហាមិនប្រក្រតីមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រប៊ុក សម្តេច និងបានផ្តើមយោបល់ស្នើសុំការសម្រេចពីសម្តេច ដាក់ជូនអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន និងធ្វើការដោះស្រាយ ឆ្លើយតបបញ្ហាទាំងនោះបានមួយចំនួនធំ ពិសេសពាក់ព័ន្ធជាមួយនឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព សំដៅចូលរួមចំណែកស្វែងរកយុត្តិធម៌ សង្គម។
យោងតាមសេចក្ដីបំភ្លឺរបស់ក្រុមការងារ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រុមការងារយើងខ្ញុំ សូមធ្វើការបដិសេធចំពោះខ្លឹមសារអត្ថាធិប្បាយផ្សាយផ្ទាល់ លើគេហទំព័រហ្វេស ប៊ុក របស់លោក ផែង វណ្ណៈ នាយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដែលបានលើកឡើងថា ក្រុមការងារតាមដានមតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័ររបស់សម្តេចក្រឡាហោម បង្កើតឡើងដើម្បីភូតកុហកប្រជាជន និងឃុបឃិតបិទបាំងព័ត៌មាននោះ ហើយយើងខ្ញុំសូមចាត់ទុកថា ជាការអត្ថាធិប្បាយខ្វះមូលដ្ឋានស៊ើបបញ្ជាក់ច្បាស់លាស់។ ពាក់ព័ន្ធនឹងករណី លោកតា អ៉ិន ឆេង នេះ អង្គភាពមានសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានចាត់ចែងតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងទៅតាមនីតិវិធីជាធរមាន»។
ក្រុមការងារ សូមថ្លែងអំណរគុណចំពោះការចូលរួមផ្តល់មតិ យោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយយើងខ្ញុំនឹងខិតខំតាមដានជំរុញ អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ដើម្បីដោះស្រាយតាមដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តដែលបានកំណត់។
ក្រុមការងារ ក៏បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានការស៊ើបបញ្ជាក់រកមូលដ្ឋានច្បាស់លាស់ ដើម្បីចៀសវាងការសន្និដ្ឋានវាយតម្លៃនោះ ប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងស្ថាប័នរដ្ឋ។ ម៉្យាងវិញទៀត មានតែអាជ្ញាធរមូលដ្ឋាន ស្ថាប័នតុលាការ ស្ថាប័នអនុវត្តច្បាប់ ស្ថាប័នរដ្ឋតាមវិស័យប៉ុណ្ណោះ ដែលមាននីតិសម្បទាដោះស្រាយបញ្ហាវិវាទផ្សេងៗតាមភារកិច្ចដែលច្បាប់ និងគតិយុត្តបានកំណត់។
សូមបញ្ជាក់ថា ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិ យោបល់ ឬសំណូមពរ (Comment) របស់មហាជនក្នុង គេហទំព័រហ្វេសប៊ុក សម្ដេច ស ខេង ជាលទ្ធផលការងាររបស់ ក្រុមការងារតាមដាន ទទួលបានការលើកសរសើរពីថ្នាក់ដឹកនំា និងប្រជាពលរដ្ឋផងដែរ។ ពាក់ព័ន្ធជាមួយនឹងបញ្ហាវិវាទដីធ្លី គឺជាបញ្ហាមួយស្មុគស្មាញដែលត្រូវធ្វើការស្រាវជ្រាវ ប្រមូលព័ត៌មាន និងវត្ថុតាងជាឯកសារគតិយុត្តពាក់ព័ន្ធ ពិសេសត្រូវដោះស្រាយដោយប្រើប្រាស់បទដ្ឋានច្បាប់ និងបទដ្ឋានក្រោមច្បាប់ (ដោះស្រាយកម្រិតអាជ្ញាធរមូលដ្ឋាន ឬស្ថាប័នតុលាការ)៕EB