ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូង របស់រដ្ឋដែលត្រូវបើកឡើងវិញ។

ការបញ្ជាក់នេះធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពី «លទ្ធភាពក្នុងការរៀបចំបើកសាលារៀនសាធារណៈឡើងវិញ សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

លោកណាត ប៊ុន រឿន រដ្ឋលេខាក្រសួងអប់រំ បានលើកឡើងថា ក្រសួងបានជ្រើសរើសវិទ្យាល័យបាក់ទូក ត្រូវបានជ្រើសរើសជាសាលារៀនដំបូងដែលត្រូវបើកឡើងវិញ ដោយសារមានចំនួនសិស្សថ្នាក់ទី១២ ច្រើនជាងគេទូទាំងប្រទេស។

លទ្ធភាពនៃការបើកសាលារៀនឡើងវិញ បានសិក្សាទៅលើការសិក្សាក្នុងថ្នាក់រៀនដោយផ្ទាល់ និងការសិក្សាពីចម្ងាយដោយប្រើប្រាស់បច្ចេកវិទ្យា ហើយមានចំនួនសិស្សចន្លោះពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ការរៀបចំកាលវិភាគសិក្សា ការសិក្សាលើធនធានដែលវិទ្យាល័យមានស្រាប់ដូចជា បន្ទប់សិក្សាចំនួនគ្រូបង្រៀន និងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ លោក ណាត ប៊ុនរឿន ក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដោយការប្រើប្រាស់ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងកំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ និងអាចទាញយកផលប្រយោជន៍សម្រាប់ពេលអនាគត ដោយបន្តនិរន្តរភាពបច្ចេកវិទ្យា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ