មុខរបរចិញ្ចឹមចង្រិតជួយបង្កើនចំណូលបន្ថែម ដល់គ្រូបង្រៀនជនបទម្នាក់នៅភូមិមេលំ ស្រុកបរិបូរណ៍ ខណៈទីផ្សារទទួលបានតម្លៃសមរម្យ
ការចិញ្ចឹមចង្រិត គឺជាមុខរបរល្អមួយ ដែលអាចរកប្រាក់ចំណូលបាន គួរសមក្នុងរយៈពេលខ្លី សម្រាប់ជួយដោះស្រាយបញ្ហាជីវភាពរស់់នៅប្រចាំថ្ងៃ ។នេះជាការអះអាងរបស់អ្នកគ្រូ សុខ សុខាន់ណា ដែលមានមុខរបរជាគ្រូបង្រៀន និងជាអ្នកចិញ្ចឹមចង្រិតម្នាក់ រស់នៅក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
អ្នកគ្រូ សុខ សុខាន់ណា បានលើកឡើងថា ពីដំបូងឡើយ ជីវភាពមានភាពខ្វះខាត ដោយនៅសល់ពេ លទំនេរខ្លះពីការបង្រៀន អ្នកគ្រូ ក៏ចង់បង្កើនមុខរបរបន្ថែមដើម្បីជួយគ្រួសារ ។
ដោយមានមិត្តជាអ្នកចិញ្ចឹម ចង្រិតក៏ចាប់ផ្តើម ចាប់យកមុខរបរនេះតែម្តង។អ្នកគ្រូ សុខ សុខាន់ណា បន្តថា ការសាកល្បងចិញ្ចឹម សត្វចង្រិតដំបូង គឺមានការណែនាំពីមិត្តដែលជាអ្នកចិញ្ចឹម និងចែកពូជ រួចមើលតាមវីដេអូ Youtube និង Facebook ពីរបៀបចិញ្ចឹម តែវគ្គដំបូងអ្នកគ្រូចំណាយទុន ក្នុងការទិញកូនមកចិញ្ចឹមគឺអស់ ថវិកា ប្រមាណ ១លានរៀន និងការសាងសង់រោង និងអាងសម្រាប់ចិញ្ចឹមសត្វចង្រិតនេះអស់ប្រមាណ៦០ម៉ឺនរៀលទៀត ប៉ុន្តែវគ្គដំបូងមិនបានផលល្អនោះទេ តែបងស្រីមិនបោះបង់នោះឡើយ នៅតែបន្តស្វែង យល់នឹង សិក្សាបន្ថែមទៀតរហូតបានរីកចម្រើន នឹងអាចចាប់លក់បាន។
ក្នុងនោះដែរអ្នកគ្រូ សុខ សុខាន់ណា បានរៀបរាប់ថា ចំពោះចំណី ក្នុងថ្ងៃដំបូង ដាក់ចំណីកូនមាន់ តែប៉ុណ្ណោះ លុះបានអាយុមួយអាទិត្យ ទើបយើងដាក់ស្លឹកឈើរុក្ខជាតិ មួយចំនួនឱ្យកូនចង្រឹតស៊ីដូចជា៖ ស្លឹកផ្ទី ស្លឹកដំឡូងមី ផ្លែត្នោតទុំ ស្លឹកកន្ធំថេត ស្លឹកឆៃយ៉ា ស្លឹកល្ហុង រុក្ខជាតិដែលមានស្លឹកខ្ចីៗ នឹងមានជាតិជ័រនៅជុំវិញផ្ទះ ដែលអាចងាយស្រួលរកបាននៅក្នុងតំបន់ ចំណែកឯ ការដាក់ទឹកពិតជាសំខាន់ណាស់ព្រោះចង្រិតត្រូវការផឹកទឹកខ្លាំងបំផុត មិនអាចអត់បានមួយនាទីណាឡើយ ធ្វើបែបនេះរហូតដល់ពេលចាប់ចង្រិតលក់ ។
អ្នកគ្រូបន្ថែមថា ក្នុងរយៈពេល៧ខែនៃការចិញ្ចឹមចង្រិត អ្នកគ្រូបានប្រមូលនឹងចាប់លក់បានចំនួន៤ដងរួចមកហើយ ដោយអ្នកគ្រូបានឱ្យដឹងថា មានអ្នកទិញ២ប្រភេទ គឺទី១អ្នកទិញយកពង ភាគច្រើនអ្នកដែលទិញជាអ្នកយកទៅចិញ្ចឹមដែរ ដោយក្នុងមួយចាន តម្លៃ ៣ពាន់រៀលហើយទី២គឺជាអ្នកទិញយកចង្រិតទៅបំពង លក់ ភាគច្រើនជាអ្នកនៅភ្នំពេញដោយក្នុង១គីឡូ៧ពាន់រៀល ដល់១ម៉ឺនរៀល។សម្រាប់ទីផ្សាវិញមិនពិបាកលក់នោះទេ មានគេចង់បានច្រើន ប៉ុន្តែយើងមិន អាចផ្គត់ផ្គង់តាមតម្រូវការឱ្យគេបានគ្រប់គ្រាន់។
ដោយសារតែការចិញ្ចឹមចង្រិតជួយសម្រួលដល់ជីវភាពបានច្រើន និងប្រភេទការងារ ងាយស្រួលសម្រាប់ស្ត្រីដែលនៅផ្ទះដែលចង់បន្ថែមចំណូលចូលដល់គ្រួសារ ហើយ មិនត្រូវការដើមទុនច្រើនមិនប្រកាន់រដូវ ព្រមទាំងអាចមានពេលមើលថែកូនផងនោះ អ្នកគ្រូ សុខ សុខាន់ណា សង្ឃឹមថា នឹងមានស្ត្រីមេផ្ទះក្នុងភូមិមេលំ ក៏ដូចជាតំបន់ផ្សេងទៀត ចាប់ផ្តើមចាប់យកមុខរបនេះជាមុខរបបន្ថែមជួយដល់គ្រួសារ ៕SP