ឆ្នាំ២០២០នេះ ខេត្តកំពតផលិតអំបិលបានជាង ៨ម៉ឺនតោន
នៅក្នុងឆ្នាំ២០២០នេះ ខេត្តកំពត ផលិតអំបិលបានចំនួន ៨៣,៩៦៩តោន សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការនានារបស់អ្នកប្រើប្រាស់នៅទូទាំងប្រទេស ហើយចំនួនអំបិលដែលផលិតបាននេះ គឺប្រមូលបានដោយប្រជាពលរដ្ឋជាអ្នកផលិតចំនួន១៦៩ក្រុម ក្នុងផ្ទៃដី៣,៧២៦ហិកតា។នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្រែអំបិល នៃមន្ទីរឧស្សាហកម្ម បច្ចេកទេស និងនវានុវត្តន៍ខេត្តកំពត។
បើតាមការបញ្ជាក់ពីលោកប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប បានឲ្យដឹងថា ការផលិតអំបិលនៅក្នុងឆ្នាំ២០២០នេះ គឺហូបមិនអស់នោះទេ ហើយអាចនៅសល់សម្រាប់ផ្គត់ផ្គង់នៅឆ្នាំក្រោយទៀតផង ព្រោះតែនៅឆ្នាំនេះ ផលអំបិលបានច្រើនជាងឆ្នាំ២០១៩។
លោកបានឲ្យដឹងបន្ថែមថា មូលហេតុដែលការផលិតអំបិលរបស់សហគមន៍អ្នកផលិតអំបិលកំពត និងកែប បានច្រើនជាងឆ្នាំមុនៗ ព្រោះតែ អាកាសធាតុអំណោយផលច្រើន ពោលមិនមែនភ្លៀងធ្លាក់ក្នុងរដូវផលិតអំបិល ។លោកបន្តថាចំណែកឆ្នាំមុនៗការផលិតបានតិចដោយសារតែអាកាសធាតុមិនអំណោយផល។
លោកប៊ុន បារាំង បានបញ្ជាក់បន្ថែមថា ទោះបីជាទិន្នផលអំបិលនៅក្នុងឆ្នាំនេះ បានច្រើនក៏ពិតមែន តែការលក់ចេញហាក់ដូចជារាងថមថយ ដោយសារតែបញ្ហាភ្លៀងធ្លាក់ ហើយតម្លៃអំបិលក្នុងមួយបាវទម្ងន់៥០គីឡូក្រាមថ្លៃពី១២,០០០ទៅ១៣,០០០រៀលទៅតាមប្រភេទអំបិល មិនអាចលក់ឡើងថ្លៃបានទេ ដោយសារទីផ្សារអំបិលខាងក្រៅវាយលុកចូលមក ។
សូមជម្រាបជូនដែរថា កាលពីឆ្នាំ២០១៨ កម្ពុជានាំចូលអំបិល៣ម៉ឺនតោន ដើម្បីបំពេញតម្រូវការក្នុងស្រុក ដោយក្នុងនោះ នាំចូលពីចិន១ម៉ឺនតោន និងឥណ្ឌា២ម៉ឺនតោន។ ការនាំចូលអំបិលនេះ ដោយសារកម្ពុជាជួបបញ្ហាអាកាសធាតុ មានភ្លៀងខ្លាំងក្នុងរដូវប្រមូលផលអំបិល៕Sp