លិចទូកដឹកភ្ញៀវទេសចរ៣គ្រឿង នៅក្រុងកោះរ៉ុង ដោយសារខ្យល់កន្ដ្រាក់ខ្លាំង តែមិនមានអ្នកគ្រោះថ្នាក់
4 ឆ្នាំ មុន
របាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោងប្រមាណជិត២រសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០នេះ មានករណីលិចទូកដឹកភ្ញៀវទេសចរដែលបោះយុទ្ធការចោល (មិនមានមនុស្សជិះ) ចំនួន០៣គ្រឿង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ទូកទាំងបីគ្រឿងនេះ ទី១៖ ម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ ប្រភេទទូកកន្ទុយវែង ដឹកភ្ញៀវទេសចរ, ទី២៖ ម្ចាស់ឈ្មោះ ប្រាជ ផាត ភេទប្រុស អាយុ៥២ឆ្នាំ ប្រភេទទូកកន្ទុយវែង និងទី៣៖ ម្ចាស់ឈ្មោះ ជិម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ប្រភេទទូកនេសាទ ដែលត្រូវបានលិចនៅចំពីមុខផ្ទះសំណាក់ ស្មាយរីហ្សត។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានករណីលិចទូកនេះ គឺដោយសារខ្យល់កន្ដ្រាក់ខ្លាំងៗ។ បច្ចុប្បន្នទូកទាំងអស់ត្រូវបានប្រជាពលរដ្ឋ សហការជាមួយ កម្លាំងប៉ុស្តិ៍អូសឡើងគោក ដើម្បីធ្វើការបាចទឹកចេញ៕SP